Header Ads

អានអត្ថនេះហើយ មានអ្នកចង់ទៅនៅអាមេរិចអត់? ពីអ្នកដែលរស់នៅអាមេរិច...


កាល​ពី​ដើម​ឡើយ​មក ខ្ញុំ​តែង​មាន​គំនិត​​ក្នុង​ចិត្ត​ថា អ្នក​រស់​នៅ​ស្រុក​គេ​គឺ ស្រួល​ណាស់ ទៅ​រស់​នៅ​ធ្វើ​ការ​កើប​លុយ​ទាំង​គីបៗ យក​ទៅ​ដើរ​សប្បាយ ចាយ​នៅ​ស្រុក​កំនើត។ ប៉ុន្តែ​អ្វីៗ​​គឺ​ខុស​ពី​គំនិត ដែល​ធ្លាប់​តែ​មាន​កន្លង​មក។

ពិត​ហើយ​ការ​រស់​នៅ​លើ​ទឹក​ដី​ថ្មី ដែល​មិន​មែន​ជា​ស្រុក​កំនើត​ខ្លួន​ដូច​ជា​អាមេរិក​នេះ ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី របៀប​រស់​នៅ​ថ្មី សូម្បី​តែ​ផ្នត់​គំនិត​ក៏​ថ្មី​ ស្រប​ទៅ​តាម​របត់​សង្គម​របស់​ពួក​គេ​ដែរ។ ខ្ញុំ​បាន​រៀន​សូត្រ និង​ស្វែង​យល់​ជា​ច្រើន​អំពី​របៀប​របប​ប្រចាំ​ថ្ងៃ អត្តចរិក ច្បាប់​ទម្លាប់​នៃ​ប្រទេស​នេះ​បាន​ច្រើន​ឃើញ​ថា​មាន​សភាព​ខុស​គ្នា​ឆ្ងាយ​យ៉ាង​ច្រើន​ពី​សង្គម​ខ្មែរ​ដែល​ជា​ដែន​ដី​កំនើត​របស់​ខ្ញុំ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ក៏​នៅ​តែ​គិត​ក្នុង​ចិត្ត​ថា​គ្មាន​ទី​ណា​ល្អ​ប្រសើរ​ជាង​ស្រុក​កំនើត​ឡើយ ត្បិត​តែ​​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​ចាំ​បាច់​ត្រូវ​​តែ​ប្រឹង បត់​បែន​តាម​ការ​ប្រព្រឹត្តទៅ​នៃ​សង្គម​ថ្មី​នេះ​ដែរ។ អត្ថបទ​នេះ​ខ្ញុំ​គ្មាន​បំណង​អី ដើម្បី​សរសេរ​បង្អាប់ និង លើក​ដំកើង​ហួស​ហេតុ​ទៅ​កាន់ វប្បធម៌ និង របៀប​របប​នៃ​ប្រទេស​គេ ឬ ប្រទេស​របស់​យើង​ឡើយ តែ​ខ្ញុំ​សូម​យក​មក​និយាយ​តែ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។



អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ ភាគ​ច្រើន​អ្នក​រស់​នៅ​ទីនេះ ភាគ​ច្រើន​រៀន​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង ហើយ​​ច្រើន​តែ​មាន​កិច្ចការ​រវល់​ជា​ប្រចាំ មិន​សូវ​មាន​ពេល​ទំនេ អង្គុយ​ដេក​លេង ជិះ​ឡាន​ម៉ូតូ​ ដើរលេង យក​ខ្យល់​អាកាស​ញឹក​ញាប់​ឡើយ។ មនុស្ស​គ្រប់ៗ​រូប​ចាំ​បាច់​ជា​ដាច់​ខាត ត្រូវ​មាន​ការងារ​ធ្វើ និង ប្រឹង​ប្រែង​ធ្វើការ បើ​មិន​ដូច្នោះ​ទេ​គឺ រស់​មិន​កើត​ឡើយ ត្បិត​ច្បាប់​ទម្លាប់​ស្រុក​នេះ បង្ខំ​អោយ​មនុស្ស​ធ្វើ​ខ្លួន​រវល់ ប្រឹង​ប្រែង​ធ្វើ​ការ​រក​លុយ ដើម្បី​បងពន្ធ​ជូន​រដ្ឋ ហើយ​​រដ្ឋ​និង ចាត់​ចែង ជួយ​ជ្រោម​ជ្រែង​ដល់​យល់​វិញ​សម្រាប់​ថ្ងៃ​ខាង​មុខ។ នៅ​ទីនេះ​ស្អី​ ក៏​ត្រូវ​ចំណាយ​ដែរ មាន​ទាំង​ការ បង់ពន្ធ​ឡាន ពន្ធ​ផ្ទះ បង់​ថ្លៃ​សេវា​ធានារ៉ាប់រង​សុខភាព (Health Insurance)  ធានារ៉ាប់រង​យានយន្ត​ (Car Insurance)។

យើង​មិន​មែន​ចេះ​តែ​ទៅ​ពេទ្យ​ផ្តេស​ផ្តាស់ ហើយ​ចេះ​តែ​ចង់​ទៅ​តាម​ចិត្ត​ឡើយ ព្រោះ​សេវា​សុខាភិបាល​ស្រុក​ខ្មែរ​គឺ​មាន របៀប​របប​ស្មុគ​ស្មាញ ហើយ​តម្លៃ​ក៏​ថ្លៃ​ខ្លាំង​ដែរ ឈឺ​ល្មមៗ​បើ​ចូល​ពេទ្យ​ដល់​ថ្នាក់ ចាក់​ថ្នាំ ដាក់​សេរ៉ូម អស់​មិន​តិច​ជាង ៥ពាន់ ទៅ ៦ពាន់​ដុល្លារទេ ប៉ុន្តែ​ សេវា Health Insurance ជា​អ្នក​រ៉ាប់​រង​ អញ្ចឹង​ហើយ​បាន​គ្រប់​គ្នា​ចាំ​បាច់​ត្រូវ​មាន​បង់​ថ្លៃ សេវា​ធានារ៉ាប់​រង​ដើម្បី ជួយ​ទប់​ក្រែង​ពេល​​មាន​ជំងឺ ឈឺ​ថ្កាត់​ផ្សេងៗ។
ពេល​ខ្ញុំ​​បាន​មក​រស់​នៅ​ស្រុក​​នេះ ខ្ញុំ​ត្រូវ​ចាប់​ផ្ដើម​ឡើង​វិញ​ថ្មី​ទាំង​អស់ សូម្បី​តែ​ការសិក្សា រាល់​ថ្ងៃ​នេះ ចេញ​ពី​​ផ្ទះ​ម៉ោង ៧ព្រឹក បើក​ឡាន​ជាង ៤០​នាទី ទៅ​ធ្វើ​ការ រវល់​ជាប់​សូរ មាន​ពេល​តែ ៣០នាទី ដើម្បី​បាយ​ថ្ងៃ​ត្រង់។ លុះ​ល្ងាច​មក​ដល់​ផ្ទះ​ម៉ោង ៧​ល្ងាច ប្ដូរ​ខោអាវ ងូត​ទឹក ហើយ​ចេញ​ទៅ​រៀន​បន្តរ​ដល់​ម៉ោង ១០ កន្លះ​យប់។

មក​ដល់​ផ្ទះ​ម៉ោង ១១ ទើប​បាន​ហូប​បាយ​ល្ងាច និង ឆ្លៀត​ធ្វើ​កិច្ច​ការ​សាលា ដល់​ម៉ោង ជាង ១២យប់ បាន​ទំរេត ខ្លួន​ដេក ក្រោក​ពី​ព្រលឹម​ម៉ោង ៦​មើល​មេរៀន អាន​សៀវភៅ ងូត​ទឹក ដល់​ម៉ោង ៧​ចេញ​ពី​ធ្វើ​ការ ហើយ​ចាប់​ផ្ដើម​រវល់​តាម​របៀប​ដដែលៗ។
គិតៗ​ទៅ ក្នុង​មួយ​ថ្ងៃ​តាំង​ពី ព្រឹក​ដល់​ កណ្ដាល​យប់​រក​តែ​ពេល​វេលា​ទំនេ​សឹងតែ​គ្មានសោះ។ ប៉ុន្តែ​ពេល​វេលា​ដែល​មាន​សេក្ដី​សុខ​បំផុត​គឺ ចុង​សប្ដាហ៍ សៅ​អាទិត្យ នោះ​ឯង។ ហិហិហិ។

ការ​រៀប​រាប់​ទាំង​នេះ​គ្រាន់តែ​ជា ផ្នែក​មួយ​ក្នុង​ចំណោម ផ្នែក​រាប់​សិប​ប្រភេទ ដែល​ខ្ញុំ​មិន​អាច​សរសេរ ព្រោះ​មិន​ដឹង​ថា​ត្រូវ​រៀប​រាប់​ពី​ចំណុច​ណា ទៅ​ចំណុច​ណា​ វា​ច្រើន​លើស​លុប​ ហួស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​ ស្រួលៗៗៗ ពេល​មក​ដល់​អាមេរិក។

ពី​ថា​កាល​ពី​នៅ​ស្រុក​ខ្មែរ មាន​ពេល​ច្រើន ទោះ​បី​ធ្វើ​ការ​រាល់​ថ្ងៃ តែ​ក៏​អាច​មាន​ពេល​ដើរ​រាល់​ថ្ងៃបាន ល្ងាច​ឡើង​ចង់​ជ្រេ​កោះ​ពេជ្រ យប់​ឡើង​ចូល​ខារ៉ាអូខេ​ក៏​បាន ហាហាហា។ ពេល​ថ្ងៃ​ទៅ​អង្គុយ​ហាង​កាហ្វេ លេង​ហ្វេសបុក រៀង​រាល់​ថ្ងៃ ណាត់​ជួប​ពួក​ម៉ាកទៅ ស៊ី​សាច់​គោអាំង ជួប​ជុំ​រាល់​​ល្ងាច​ក៏​គ្មាន​បញ្ហា តែ​មក​ដល់​ស្រុក​នេះ ទោះ​ជា​ចង់​ដើរ​ក៏​​គ្មាន​ពេល ទោះ​ជា​មាន​ពេល ក៏​គ្មាន​អ្នក​ដើរ​ជាមួយ ព្រោះគ្រប់​គ្នា​សុទ្ធ​តែ​រវល់​រៀងៗ​ខ្លួន ហត់​រៀង​ខ្លួន គេ​ឯណា​មាន​ពេល​មក​ជាមួយ​យើង​​កើត​នោះ?

ដល់​អញ្ចឹង​ទៅ មាន​អារម្មណ៍​ថា​នឹក​ពួក​ម៉ាកៗ ស្រុក​ខ្មែរ តែ​ណ្ហើយ....​ខ្ចិល​សរសេរ​ណាស់ សុំ​ត្រឹម​រៀប​រាប់​ប៉ុណ្ណឹង​ចុះ ចាត់​ទុក​ថា​ជា​ការ​សរសេរ​បន្ធូរ​អារម្មណ៍។ ចុច ចុច ខណ្ខ ចប់៕ ​

អត្ថបទពី៖ Samady KS

No comments:

Powered by Blogger.