ពេលបោះឆ្នោតឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល ត្រៀមខ្លួនរួចជាស្រេច ដើម្បី...

ភ្នំពេញ៖ សកម្មភាពនៃការជេរប្រមាថ ឬការធ្វើបាតុកម្ម ដែលធ្លាប់កើតឡើង កាលពីបោះឆ្នោត ក្នុងឆ្នាំ ២០១៣ មិនអាចវិលត្រឡប់មកម្តងទៀត នៅពេលបោះឆ្នោត ក្នុងឆ្នាំ ២០១៨ នោះទេ។ នេះជាការព្រមានរបស់សម្តេច ហ៊ុន សែន។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចំណាយពេលជិត៤ម៉ោង ដើម្បីថ្លែងសារនិងជជែកដេញដោលជាមួយភាគីពាក់ព័ន្ធនានា ក្នុងវេទិកាថ្នាក់ជាតិស្តីពី «ការការពារនិងការអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២0១៧នេះ។ ក្នុងវេទិកានេះ សម្តេច ហ៊ុន សែន ក៏ចំណាយពេលមិនតិចដែរ ដើម្បីព្រមានបង្ក្រាបក្រុមណា ដែលជេរប្រទេច ឬធ្វើសកម្មភាពអ្វីមួយ បង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងអំឡុងនៃការបោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខ។
ប្រមុខរដ្ឋាភិបាលរូបនេះ បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះ៖«ជិតដល់ពេលបោះឆ្នោតហើយ។ រឿងជេរប្រមាថ ប្រទេចផ្តាសា អត់ [ឲ្យមាន] ទេ ។ ប្រទេសនេះ ត្រូវការសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីការអភិវឌ្ឍ រាប់ទាំងប្រជាធិបតេយ្យ និងនីតិរដ្ឋ មិនមែនជាល្បែងកូនក្មេង ឲ្យអ្នកឯងជេរប្រទេចទេ។ […..] សូមព្រមានទុកឲ្យហើយទៅ ត្រៀមរៀបចំទុកអស់ហើយ»។
ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សសង្គ្រោះជាតិ បានប្រកាសរួចហើយ ថាខ្លួនមិនបានគិតទុកឬត្រៀមលក្ខណៈ ដើម្បីធ្វើបាតុកម្ម នោះទេ។ ឯកឧត្តម កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ បានចេញមុខប្រកាសបែបនេះ នៅក្នុងវេទិកាជួបជុំមន្ត្រីមូលដ្ឋានរបស់ខ្លួន ក្នុងខេត្តប៉ៃលិន កាលពីប៉ុន្មានថ្ងៃមុន។
ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា សង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ កំពុងត្រៀមខ្លួន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅឆ្នាំ២0១៨។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងថា៖«សូមគ្រប់គូប្រកួត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួររួមគ្នារៀបចំការបោះឆ្នោតខាងមុខនេះ ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអ្នកឈ្នះ ឈ្នះដោយកិត្តិយស ហើយអ្នកចាញ់ ចាញ់ដោយអស់ចិត្ត»៕
ប្រភព៖ angkorherald
No comments: