Header Ads

ក្តៅៗ ​លោកព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ ទទួលមរណភាព​នៅ​ព្រឹក​នេះ​ នាទី​ក្រុងសៀមរាប ​



សៀមរាប​ ៖​ តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ ​និង​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ ​វេលាម៉ោង៩​និង​៤០​នាទី​ ក្នុង​គេហដ្ឋាន​របស់​លោក ​ស្ថិត​ក្នុងភូមិមណ្ឌល៣ សង្កាត់​ស្លក្រាម ខេត្តសៀមរាប​ ដោយជរាពាធ​។ សាច់ញាតិ​របស់​លោក​បាន​ប្រាប់​ថា​ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ បានទទួលមរណភាព​ក្នុង​ជន្មាយុ៩១ឆ្នាំ នៅវេលា​ម៉ោង៩​និង៤៥នាទី នៅ​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញា នេះ​។ ពិធី​បុណ្យសព​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​រូបនេះ ធ្វើឡើង​នៅក្នុង​គេហដ្ឋាន​របស់​លោកព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ ស្ថិត​ក្នុងភូមិមណ្ឌល៣ សង្កាត់​ស្លក្រាម ខេត្តសៀមរាប​។

លោក​ វណ្ណ មូលី​វណ្ណ កើត​នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកា ​ឆ្នាំ​១៩២៦ នៅ​ស្រុក​រ៉ា​ម ​ខេត្តកំពត​។ លោកបានទទួល​សញ្ញាប័ត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៤៤ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ១៩៤៦។ បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រ​សិល្បៈ​មួយ​នា​ទីក្រុង​ប៉ារីស។ លោក​បាន​សិក្សា​នៅ arretche studio ហើយ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ជាមួយនឹង​ចំណេះដឹង និង ​ទេពកោសល្យ​។ លោកត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៥៥​។ មួយឆ្នាំ​ក្រោយមក ​ក៏​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​។ លោក​ជា​ព្រឹទ្ធបុរស​ទីមួយ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ (​ចាប់ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧)។

នៅ​ទស្សវត្សរ៍ ​៦០ និង ៧០ លោក វណ្ណ មូលី​វណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ទីនោះ ស្នាដៃ​របស់លោកឈរ​យ៉ាង​សង្ហា​ប្រដំប្រសង​គ្នាជាមួយនឹង​សំណង់​អាគារ​បុរាណៗ វត្ត​អារាម និង​ សំណល់​ពី​សម័យ​អាណានិគម​។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ ជា​យុគមាស ស្នាដៃ​សំខាន់ៗ​របស់លោក​មានសាលសន្និសីទចតុមុខ អាគារ​គណៈរដ្ឋមន្ត្រី និង ​វិមាន​រដ្ឋ​។ លោក​ក៏បាន​គូរ​ប្លង់​វត្ត​អារាម និង ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជាច្រើន​ផងដែរ​។​

​នៅ​ឆ្នាំ ​១៩៦២ លោក មូលី​វណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ ដែលមាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០ នាក់ ដែល​នោះគឺជា​សង្វៀន​ដែល​គេ​ឲ្យ​តម្លៃ​ជាងគេ​បំផុត​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ កីឡដ្ឋាន​ត្រូវបាន​សាងសង់​ទៅដល់​មាត្រដ្ឋាន​អូឡាំពិក គឺ​នៅតែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។ ដំបូង​ឡើយ ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​ល្បឿន​យ៉ាង​លឿន ដើម្បី​ឲ្យ​ទាន់ពេល​ធ្វើជា​ម្ចាស់​ផ្ទះ​ល្បែង​កីឡា​អាស៊ី​ឆ្នាំ​ ១៩៦៣ តែ​ក្រោយមក​ត្រូវ​បាន​លុបចោល ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ​១៩៦៤ អម​ដោយ​ហ្វូង​មនុស្ស​អបអរសាទរ​យ៉ាង​ច្រើន។ ពហុ​កីឡដ្ឋាន​នេះ​ បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដូចជា ល្បែង​កីឡាក​.​ក​.​ប​.​ថ​. និង ប្រធានាធិបតី​បារាំង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក ហ្សា​ល​ដឺ​ហ្គ៊ោ​ល នៅ​ឆ្នាំ​១៩៦៦​។​
​នៅ​ឆ្នាំ ​១៩៦២ ដដែល​នោះ លោក​ក៏បាន​ស្ថាបនា​សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រិត (​មហោស្រពជាតិ​កម្ពុជា​) សាល​ពិព័រណ៍​ដែល​នៅ​ជិតខាង ​ជាមួយ​នឹង​បទពិសោធន៍​លំនៅដ្ឋាន​យ៉ាងទូលំទូលាយ​។ ស្នាដៃ​មួយ​ដ៏​សំខាន់​ទៀត​របស់​លោក គឺ​ការ​រចនា​វិមានឯករាជ្យ ដែលជា​ទី​ដ៏សំខាន់​មួយ​បង្ហាញ​នូវ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​បាន​ទាំងស្រុង​នៅ​ឆ្នាំ​១៩៥៣ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះបាទ នរោត្តម សីហនុ ដែល​ជា​អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​ក្នុង​ឆ្នាំ​ ១៩៧០ សម័យ​សង្គមរាស្ត្រនិយម ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ធ្វើ​រដ្ឋប្រហារ ​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ លន់ ណុល។ នៅ​ឆ្នាំ១៩៧២ លោក វណ្ណ មូលី​វណ្ណ និង​ គ្រួសារ​បាន​ភៀស​ខ្លួនទៅ​រស់​នៅឯ​ប្រទេស​ស្វ៊ី​ស​។ លោក​បាន​ធ្វើការ​ឲ្យ UN Human Settlements Program រយៈពេល​១០​ឆ្នាំ​ មុននឹង​លោក​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩១។ លោក​បាន​ចូល​ប្រើការ​ងារ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ។ បច្ចុប្បន្ន​សាច់ញាតិ​កំពុង​ចាត់​ធ្វើ​បុណ្យ​សព​ទៅ​តាម​ប្រពៃណី នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ​ស្ថិត​ក្នុងភូមិមណ្ឌល៣ សង្កាត់​ស្លក្រាម ខេត្ត​សៀមរាប​៕​​

ប្រភពពី៖ kampucheathmey



No comments:

Powered by Blogger.