Header Ads

សម្តេចបញ្ជាអោយដូរឈ្មោះ រមណីយដ្ឋានបូកគោ​ ​​​ទៅ​​ដើម​វិញ​ឲ្យ​បាន​មុន​ម៉ោង​១១​​ ថ្ងៃនេះ


សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​ ទម្លាក់ស្លាកសញ្ញា និងឈ្មោះថ្មី​របស់រមណីយដ្ឋានបូកគោ​ទៅឈ្មោះដើមវិញឲ្យបានមុនម៉ោង១១នៃថ្ងៃទី​២៣​ខែកញ្ញានេះ។ បញ្ជារបស់​សម្តេច​ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​តែប៉ុន្មានម៉ោង ក្រោយពីមានការផ្សព្វផ្សាយ​អំពីការដូរឈ្មោះ​រមណីយដ្ឋាបូកគោ ទៅជារមណីយដ្ឋាន​សុខាឋានសួគ៌ ហើយឈ្មោះថ្មីនេះបានបង្ក​ឲ្យមានប្រតិកម្មភ្លាមពីមហាជន។

សម្តេច​នាយករដ្ឋមន្ត្រី ដែល​បានទទួលដំណឹង​អំពី​ការ​ដូរឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រតាម​រយៈ​ការជូនដំណឹង​របស់​មហាជន​ បាន​សរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​សម្តេច​នៅព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​មិនបានដឹង​អំពី​ការ​ដូរឈ្មោះ​តំបន់​ប្រវត្តិសាស្ត្រនេះ​ទេ។ ដោយបញ្ជាក់អំពី​ការ​បញ្ជា​ទៅអាជ្ញាធរ​ខេត្ត​កំពត​ឲ្យ​ដោះ​ស្លាកសញ្ញា​ និងឈ្មោះ​ថ្មី​នៃ​រមណីយដ្ឋាន​បូកគោ ដែលសម្រេច​ដោយ​ក្រុម​ហ៊ុនសុខានោះ សម្តេច​បានសរសេរបញ្ជាក់បន្ថែមប្រាប់​ជនរួមជាតិថា៖«តំបន់ប្រវត្តិសាស្ត្រ​ ត្រូវតែរក្សាឈ្មោះ​ដើម​ជាដាច់ខាត»។


យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រុមហ៊ុន​សុខា ក្រុមហ៊ុន​ដែលទទួលសិទ្ធិវិនិយោគ​តំបន់រមណីយដ្ឋាន​បូកគោនេះ​បាន​ប្រកាសជូនដំណឹង​អំពី​ការ​ផ្លាស់ប្តូរតំបន់រមណីយដ្ឋា​ន​ឋានសួគ៌បូកគោ​ ទៅជាតំបន់​រមណីយដ្ឋាន​ សុខា​ឋានសួគ៌។ ការដូរឈ្មោះនេះ​តំបន់ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​មហាជន​រិះគន់ និង​បង្ហាញ​ការមិនពេញចិត្ត​នៅតាម​បណ្តាញសង្គម​ហ្វេសប៊ុក៕

អានបន្ត៖

ពេលនេះស្លាកឈ្មោះថ្មីដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» ត្រូវបានដកចោលទាំងស្រុងហើយ ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរក្សាឈ្មោះដើមវិញ

(ភ្នំពេញ)៖ រហូតដល់ម៉ោង៩៖៣០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្លាកឈ្មោះថ្មីរបស់រមណីយដ្ឋានឋានសួគ៌បូកគោដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដក​ចោលទាំងស្រុងហើយ ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យប្រើប្រាស់ឈ្មោះដើមវិញ ដោយសារតែតំបន់ភ្នំនេះជាតំបន់ប្រវត្តិសាស្រ្ត។



លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា «ក្រោយពីបានដោះស្លាកឈ្មោះនៅខ្លោងទ្វារចូល ភ្នំបូកគោ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបន្តឡើងទៅលើភ្នំ ដើម្បីបន្តដោះស្លាកឈ្មោះនៅលើសណ្ឋាគារទៀត ព្រោះឈ្មោះសណ្ឋាគារក៏បានដូរដែរ»។

ក្រោយពីមានប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ឈ្មោះឋានសួគ៌បូកគោ ត្រូវបានផ្លាស់ប្តូរមកវិញ មានទាំងនៅលើ Facebook ផងដែរ។



សូមជំរាបថា នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែលនេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ទីតាំងខ្លោងទ្វារនៃ រមណីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឱ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត។

ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»៕

No comments:

Powered by Blogger.